ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួន៥គឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្ត កណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រឿងសែនជ័យ ខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។
យោងតាមតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពាក់ព័ន្ធ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅ ក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣៧នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រ មាណ១៤៤នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួមប្រមាណ ១២៣នាក់)។
រីឯគណបក្សភ្លើងទៀន បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមសង្កាត់ និងចែកខិតប័ណ្ណនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៥នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៥នាក់)។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
តាមរបាយការណ៍ពី គ.ជ.ប បានឲ្យដឹងដែរថា ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕














