ចេញផ្សាយ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៣

រាជធានីភ្នំពេញ ÷ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា គម្រោងសាងសង់ រូបសំណាកពងទានិងបង្កង គ្រាន់តែចង់បង្ហាញពីផលិតផលសក្ដានុពលរបស់ខេត្តប៉ុណ្ណោះ ព្រោះថាផលិតផលនេះមានឈ្មោះល្បីល្បាញប្រចាំខេត្ត ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី០២ ខែមីនា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានធ្វើគំរូរូបភាព រង្វង់មូលបង្កងនិងពងទា ក្នុងន័យចង់បង្ហាញអំពីផលិតផលដែលមានសក្ដានុពលរបស់ខេត្តតាកែវ ខណៈដែលតាមរយៈការស្ទង់មតិនៅតាមបណ្ដាញសង្គម ដោយប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា គម្រោងសាងសង់ រង្វង់មូលបង្កងនិងពងទា មិនមែនបង្ហាញនិមិត្ដរូបរបស់ខេត្តនោះទេ ខណៈដែលនិមិត្ដរូបខេត្ត គឺព្រះនរាយណ៍។ សំឡេង « និមិត្តរូបសំណាកបង្កង និងពងទានេះ បង្ហាញអំពីសក្ដានុពលរបស់ខេត្ត ដូចជាភូមិមួយ ផលិតផលមួយអ៊ីចឹង ពិសេសយើងដឹងហើយអ្នកចិញ្ចឹមទាលំបាកណាស់ វេទនាណាស់ គ្មានបាននៅផ្ទះទេទានៅណាគាត់ទៅដល់ហ្នឹង ផ្ទះធ្វើបានល្អមិនដែលបានដេកផង ដេកតែក្នុងព្រៃក្នុងបឹងជាមួយទា បើមិនអ៊ីចឹងតាមទាម៉េចទាន់។ ខ្ញុំក៏ធ្លាប់ឃ្វាលទាខ្ញុំដឹង ទាទៅដល់ណាវ៉ៃតង់ដល់ហ្នឹង អ៊ីចឹងយើងឃើញថាអ្នកចិញ្ចឹមទាលំបាកណាស់»។

ឯកឧត្តម អ៊ូច ភា បានឱ្យដឹងថា ចំពោះគម្រោងសាងសង់រូបផលិតផលសក្ដានុពលរបស់រដ្ឋបាលខេត្តតាកែវបង្កងនិងពងទា នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិជំងឺកូវីដ១៩ ខណៈខេត្តនឹងខិតខំរកទីតាំងសមស្រប ដើម្បីងាយស្រួលដល់អ្នកទេសចរណ៍ដែលមកកម្សាន្ដ ឬទស្សនាខេត្តតាកែវ នឹកឃើញបង្កងនិងពងទាកូន ។

គួរជម្រាបថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ។

ចំណែក បង្កងធម្មជាតិខេត្តតាកែវវិញ ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងនេះ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត។ សូមបញ្ជាក់ថា ខេត្តតាកែវមានឡភ្ញាស់ពងទាកូនចំនួន ៧៦កន្លែង បរិមាណស៊ុតទា(សាប ប្រៃ និងកូន)នាំចេញទៅកាន់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តបានចំនួន ៣៤២.០០០ពង/ថ្ងៃ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែង និងបរិមាណផលបង្កងមានក្នុងមួយឆ្នាំសរុប ៦៧តោន រយៈពេល៥ឆ្នាំបរិមាណផលចំនួន ៣៣៥ តោន ៕

By pcs

Leave a Reply

Your email address will not be published.