នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម នាឱកាសនោះដែរ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ ជាច្រើនរូបទៀត។

អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក។ បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន៦០ភាគរយហើយ។

អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា ៕

By pcs

Leave a Reply

Your email address will not be published.

You missed