កូរ៉េខាងជើង ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​បង្កើត​“ កងទ័ព​ដែល​គ្មាន​អ្នកណា​អាចយក​ឈ្នះ​បាន​” នៅ​ចំពោះមុខ​អ្វីដែល​ខ្លួន​និយាយថា​ជា​គោលនយោបាយ​អរិភាព​ពី​សហរដ្ឋអាមេរិក​។​នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។

​លោក គីម ជុង​អ៊ុន បាន​និយាយថា ការ​អភិ​វ​ឌ្ន៍​អាវុធ​គឺ​សម្រាប់​ការពារ​ខ្លួន​ហើយ​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​នោះទេ​។ លោក គីម បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅឯ​ពិព័រណ៍​ការពារជាតិ​ដ៏​កម្រ ខណៈ​ដែលមាន​កាំជ្រួច​ធំៗ​ជាច្រើន​។ ថ្មីៗ​នេះ​កូរ៉េខាងជើង​បាន​សាកល្បង​នូវ​អ្វីដែល​ខ្លួន​អះអាងថា​ជា​មី​ស៊ី​ល​ល្បឿន​លឿន​និង​ប្រឆាំង​យន្តហោះ​ថ្មី​។ នៅពេលនេះ​កូរ៉េខាងត្បូង​បាន​សាកល្បង​អាវុធ​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ផ្ទាល់ខ្លួន​ផងដែរ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ឯ​ពិព័រណ៍​ការពារជាតិ ២០២១ ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង បានបង្ហាញ​ពី​គ្រឿង​សព្វាវុធ​យោធា​រួមទាំង​រថក្រោះ​។ ក្នុងនោះ​លោក​គីម បាន​និយាយ​អំពី​ការបង្កើត​យោធា​នៅ​កូរ៉េខាងត្បូង​ហើយ​បាន​និយាយថា​កូរ៉េខាងជើង​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ទេ​។​

​លោក​បាន​មានប្រសាសន៍ថា​“ យើង​មិន​ចង់​ធ្វើ​អំពី​សង្គ្រាម​ជាមួយ​នរណាម្នាក់​ទេ ប៉ុន្តែ​ជាការ​ការពារ​សង្គ្រាម​ខ្លួនឯង​និង​បង្កើន​ការការពារ​សង្គ្រាម​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​” ។ ជាមួយគ្នា​នោះដែរ​លោក​គីម​ក៏បាន​ចោទប្រកាន់​អាមេរិក​ថា​បាន​បង្ក​ភាព​តានតឹង​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។ លោក​បាន​បន្ថែមថា​គ្មាន​អាកប្បកិរិយា ដើម្បី​ធ្វើឱ្យ​កូរ៉េខាងជើង​ជឿជាក់ថា​អាមេរិក​មិនមាន​អរិភាព​ទេ​។​

​ជាមួយគ្នា​នោះដែរ​សហរដ្ឋអាមេរិក​ក្រោម​ដឹកនាំលោកប្រធានាធិបតី Joe Biden បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​ខ្លួន​មាន​ឆន្ទៈ​ចង់​និយាយ​ជាមួយ​កូរ៉េខាងជើង​ប៉ុន្តែ​បានទាមទារ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​អាវុធ​នុយក្លេអ៊ែរ មុនពេល​ទណ្ឌកម្ម​អាច​ត្រូវបាន​បន្ធូរបន្ថយ ខណៈ​មកទល់ពេលនេះ​កូរ៉េខាងជើង​បាន​បដិសេធ​៕

By pcs

Leave a Reply

Your email address will not be published.

You missed