ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវរជន ដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យលក្ខណសម្បត្តិវរជន ដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី និងមន្ត្រីរាជការ ជាសមាជិក សមាជិកា នៃគណៈកម្មការជាច្រើនរូប។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលទៅលើសេចក្តីព្រាងបញ្ជីរាយនាមមន្ត្រីរាជការស្នើសុំគ្រឿងឥស្សរិយយសនៃព្រះរាជាណាកម្ពុជាសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយមានការចូលរួមមតិ ពីសមាជិកសមាជិកាអង្គប្រជុំ ក្នុងគោលបំណងផ្តល់នូវការលើកទឹកចិត្ត ដោយស្មើភាព និងសមស្របទៅតាមអតីតភាពការងារ និងគុណវុឌ្ឍិរបស់មន្ត្រីម្នាក់ៗ។

សូមជម្រាបជូនថា៖ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មការពិនិត្យលក្ខណសម្បត្តិវរជនដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស បានរៀបចំសេចក្តីព្រាងបញ្ជីរាយនាមមន្ត្រីរាជការស្នើសុំគ្រឿង ឥស្សរិយយសនៃព្រះរាជាណាកម្ពុជាសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដើម្បីជាការលើកទឹកចិត្ត ស្របតាមគុណសម្បត្តិស្នាដៃ និងសមិទ្ធកម្មការងាររបស់មន្ត្រីរាជការគ្រប់រូប ដែលបានយកអស់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការបំពេញការងាររបស់ខ្លួន។ ការផ្តល់នូវគ្រឿងឥស្សរិយយសជូនមន្ត្រីរាជការក្រសួង ត្រូវធ្វើឡើងប្រកបដោយតម្លាភាព អនុលោមតាមសេចក្តីណែនាំ និងនីតិវិធីយ៉ាងច្បាស់លាស់ឆ្លងកាត់ការពិនិត្យ និងវាយតម្លៃពីគណៈកម្មការយ៉ាងត្រឹមត្រូវ។

គួរកត់សម្គាល់ថា៖ ការផ្តល់នូវគ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការរបស់ក្រសួង ត្រូវបានខកខាននៅឆ្នាំ២០២០ និង២០២១កន្លងទៅ ដោយសារផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕

By pcs

Leave a Reply

Your email address will not be published.

You missed