ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថានៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និង ពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថាបន្ទាប់ពីធ្វើការសួរនាំ បានឱ្យដឹងថាៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង០៦នាក់ (ស្រី១នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំង,ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង $៣៥,០០០ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ បន្ថែមថាជនសង្ស័យទី១-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ។ ទី២-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៣-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ។ ទី៤-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី៥-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រសីហនុ។ និងទី៦-ឈ្មោះ Le Van Chien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

សម្ភារៈចាប់យកបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054, កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន១១គូ, ដំបងឆក់២ដើម, ពិលឆក់ ៣ដើម។ បច្ចុប្បន្នករណីខាងលើការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ ៕

By pcs

Leave a Reply

Your email address will not be published.

You missed